កម្ពុជា និងសិង្ហបុរី សុទ្ធតែពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ទាំងវិស័យពាណិជ្ជកម្ម និងនយោបាយ ហើយចំណងទាក់ទងនេះ កំពុងបន្តរីកចម្រើនឥតឈប់ឈរ។ សេចក្តីសោមនស្សនេះ ត្រូវបានស្តែងឡើង នៅក្នុងពេលលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែមីនា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេច ហ៊ុន សែន ក៏បានកត់សម្គាល់ពីកំណើនពាណិជ្ជកម្មទ្វេភាគី របស់ប្រទេសទាំងពីរដែរ ដោយបានកើនដល់ជាង ៥ពាន់ដុល្លារ។ សម្តេចប្រមុខរដ្ឋស្តីទី សង្ឃឹមថារដ្ឋាភិបាលកម្ពុជា និងសិង្ហបុរី នឹងប្រឹងប្រែងបន្ថែម ដើម្បីសម្រេចបានពាណិជ្ជកម្មទ្វេភាគី ១០ ពាន់លានដុល្លារ។
«សម្ដេចសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងនិងដាក់គោលដៅបន្តទៀត ធ្វើយ៉ាងណាសម្រេចឱ្យបាន ១០ពាន់លានដុល្លារ នៅឆ្នាំបន្តបន្ទាប់នេះ។»។ សម្តេច ហ៊ុន សែន ថ្លែងដូច្នេះទៅកាន់លោកស្រី Teo Lay Cheng ដែលលោក ជា ធារិទ្ធ បញ្ជាក់នៅក្រោយជំនួបនៅព្រឹកថ្ងៃពុធនេះ របស់ភាគីទាំងពីរ។
សម្រាប់ សម្ដេច ហ៊ុន សែន ទំនាក់ទំនងនយោបាយ ការទូត និងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជាចលករដ៏ចាំបាច់មួយក្នុងការជំរុញនូវទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរី ឱ្យមានភាពល្អប្រសើរ។
យ៉ាងណា ជុំវិញភាពរីកចម្រើននៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ គឺសម្តេច ហ៊ុន សែន ប្រាកដចិត្តថា លោកស្រី Teo មានចំណែកប្រឹងប្រែងយ៉ាងខ្លាំងដែរ ក្នុងឋានៈជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា។ សម្តេច ហ៊ុន សែន សរសើរលោកស្រី Teo ដូច្នេះថា៖« លោកស្រី បានខិតខំប្រឹងប្រែងក្នុងការពូនជ្រំ ទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។»។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី ថ្លែងអំណរគុណចំពោះការសរសើររបស់សម្តេចប្រមុខរដ្ឋស្តីទី។ ទន្ទឹមនឹងនេះ លោកស្រី Teo Lay Cheng បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំកន្លងទៅ ដែលទំនាក់ទំនងបានកើនឡើង ទាំងវិស័យពាណិជ្ជកម្ម និងនយោបាយរីកចម្រើន ទន្ទឹមគ្នា។
ឯកអគ្គរដ្ឋទូតរូបនេះ ក៏ឆ្លៀតលើកឡើងពីភាពរីកចម្រើនរបស់កម្ពុជា ព្រមទាំងកត្តា សុខសន្តិភាពដែលខ្លួនបានមើលឃើញ ដឹកឮ នៅក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា។
អនុស្សាវរីយ៍ជាច្រើន លោកស្រី Teo Lay Cheng ក៏បានហៅប្រទេសកម្ពុជាថា ជាប្រទេសដ៏អស្ចារ្យ ហើយដែលលោក មានអនុស្សាវរីយ៍ជាច្រើននៅទីនេះ។ នេះបើតាមសម្តី លោក ជាធីរិទ្ធ ដែលថ្លែងនៅក្រោយជំនួប។
សូមជម្រាបដែរថា នៅក្នុងជំនួបនេះ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីផងដែរ៕
