ក្រៅពីអង្ករ សិង្ហបុរី ចង់ទិញបន្លែ និងផ្លែឈើស្រស់ពីកម្ពុជាបន្ថែម

ភ្នំពេញ៖ កម្ពុជា និងសិង្ហបុរី កំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខស្បៀង និងពង្រីកទីផ្សារកសិផល។ ក្នុងនោះ សិង្ហបុរីបានបង្ហាញការចាប់អារម្មណ៍នាំចូលផលិតផលកម្ពុជាបន្ថែមទៀត ជាពិសេសបន្លែ និងផ្លែឈើ ក្រៅពីអង្ករ ដែលជាផលិតផលសំខាន់ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារនេះរួចមកហើយ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរបស់ លោក ប៉ាង ឈីវី ឯកអគ្គរដ្ឋទូតសិង្ហបុរី ជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កម្ពុជា កាលពី​ថ្ងៃទី១៥ ខែឧសភា។

ភាគីទាំងពីរ បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង រវាងកម្ពុជា និងសិង្ហបុរី កាលពីខែមេសា ឆ្នាំ២០២៦។ អនុស្សរណៈនេះ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកស្បៀង និងបង្កើនឱកាសសម្រាប់ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី។

ឯកអគ្គរដ្ឋទូតសិង្ហបុរី បានបញ្ជាក់ទៅកាន់ឧបនាយករដ្ឋមន្ត្រីថា ក្រៅពីទំនិញយុទ្ធសាស្ត្រដូចជាអង្ករ សិង្ហបុរីមានបំណងចង់ឃើញ និងនាំចូលនូវកសិផលស្រស់ៗដែលមានគុណភាពខ្ពស់ រួមមានផ្លែឈើ និងបន្លែបន្ថែមទៀតពីកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេសរបស់ខ្លួន។

ជាមួយគ្នានោះ ភាគីទាំងពីរបានពិភាក្សា លើការជំរុញកម្មវិធីកសាងសមត្ថភាពបច្ចេកទេស ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម និងធានាបាននូវបទដ្ឋានស្តង់ដារនាំចេញ។ ក្នុងន័យនេះ ការបង្កើនការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្ពុជា-សិង្ហបុរី នៅភ្នំពេញ នឹងក្លាយជាចំណុចគន្លឹះក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ស្របតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា។

យោងតាមរបាយការណ៍ បច្ចុប្បន្នការតភ្ជាប់ផ្លូវអាកាសត្រង់រវាងប្រទេសទាំងពីរ មានរហូតដល់ទៅ ៤២ ជើង ក្នុងមួយសប្តាហ៍។ ការតភ្ជាប់ដ៏មមាញឹកនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការដឹកជញ្ជូនកសិផលស្រស់ពីកម្ពុជា ឱ្យទៅដល់ដៃអ្នកប្រើប្រាស់នៅសិង្ហបុរីបានយ៉ាងរហ័ស និងរក្សាបាននូវគុណភាពខ្ពស់បំផុត។

ក្រៅពីវិស័យស្បៀង ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រួមមាន ពាណិជ្ជកម្ម វិនិយោគ ការបណ្តុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *