ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីផែនការលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជាទាំងស្រុង ត្រឹមខែមេសា ឆ្នាំ២០២៦។ នេះគឺជាលើកទី១ ដែលប្រមុខរាជរដ្ឋាភិបាលប្រកាសពីយុទ្ធនាការបោសសម្អាតបទល្មើស Online Scam នៅវេទិកាផ្សាយជាសាធារណៈនៅក្នុងស្រុក។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានឆ្នាំ២០២៦ ដែលមានធុរជនរាប់រយនាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការប្តេជ្ញានេះ គឺជាផ្នែកនៃកិច្ចខិតខំរបស់កម្ពុជា ក្នុងការពង្រឹងវិធានច្បាប់ និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀត សុច្ចរិតភាព ក្នុងការវិនិយោគ។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖ «រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយជាតិ ពីការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុង មជ្ឈ មណ្ឌលឆបោកតាមអនឡាញ ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦។»។
ជុំវិញករណី Online Scam នេះ សម្តេច ហ៊ុន ម៉ាណែត ធ្លាប់ផ្តល់សម្ភាសដល់សារព័ត៌មានអន្តរជាតិធំៗ AFP កាលពីខែកុម្ភៈថា ឧក្រិដ្ឋកម្មនេះ មិនត្រឹមតែបានសម្អុយឈ្មោះកម្ពុជា នៅក្នុងឆាកអន្តរជាតិទេ ប៉ុន្តែក៏កំពុងបំផ្លាញសេដ្ឋកិច្ចស្មោះត្រង់ប្រទេសដ៏តូចមួយក្នុងសហគមន៍អាស៊ានដែរ។
«បណ្តាញឆបោក ដែលយើងហៅថាសេដ្ឋកិច្ចខ្មៅ កំពុងបំផ្លាញសេដ្ឋកិច្ចស្មោះត្រង់របស់យើង។ វាធ្វើឲ្យមានកេរ្តិ៍ឈ្មោះអាក្រក់លើកម្ពុជា» ។ សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ AFP បែបនេះក្នុងបទសម្ភាសន៍ពីទីក្រុងព្រុចសែល ដោយបន្តនិយាយថា រឿងអាស្រូវឆបោកនេះ កំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ ដែលចាំបាច់ត្រូវតែបោសសម្អាតចេញ។
សូមរំឭកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុវត្តយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាអំឡុងពាក់កណ្តាលឆ្នាំ២០២៥មកម្ល៉េះ។ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមបច្ចេកវិទ្យា កន្លងមករបស់អាជ្ញាធរកម្ពុជា គឺមានជនបរទេសជាច្រើនម៉ឺននាក់ត្រូវបានឃាត់ខ្លួន ដែលក្នុងចំណោមនោះ ជនបរទេសប្រមាណ ៣ម៉ឺននាក់ ភាគច្រើនជាជនជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជា។ ជនបរទេសជាង២១ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញដោយខ្លួនឯង៕
