រដ្ឋមន្រ្តីព័ត៌មាន៖ «អង្គរក្នុងការចងចាំ» ជាផលិតផលបំពេញបន្ថែម និងបណ្ដុះស្មារតីស្រលាញ់វប្បធម៌ជាតិ

ភ្នំពេញ៖ «អង្គរក្នុងការចងចាំ» គឺជាវណ្ណកម្មថ្មីមួយទៀត របស់ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ដែលបានសម្រិតសម្រាំងចងក្រងឡើង ដើម្បីបង្ហាញពីរឿងរ៉ាវមួយចំនួន ជុំវិញតំបន់អង្គរលើសពីប្រាសាទ។ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់ទុកវណ្ណកម្មមួយនេះ ជាផលិតផលបំពេញបន្ថែមលើផ្នែកទេសចរណ៍ កាលប្បវត្តិ និងជាពុទ្ធិបន្ថែមទៀត សម្រាប់បណ្ដុះស្មារតីស្រលាញ់វប្បធម៌ជាតិ។

«បើយើងទៅលេងអង្គរ ហើយមិនស្គាល់ប្រវត្តិអង្គរ មិនយល់សាច់រឿងអង្គរ គឺយើងប្រាកដជាមិនសូវមានមោទនភាពទេ»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ដែលបានរម្លឹកដល់ប្រសាសន៍របស់ព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ឃោសនាការ និងព័ត៌មាន (មរណភាពឆ្នាំ២០១៦) ថា «បើយើងទៅលេងអង្គរ យើងត្រូវទៅនិយាយជាមួយថ្ម»។ គឺបានន័យថា​ នៅពេលពលរដ្ឋចេះនិយាយជាមួយថ្ម នោះថ្មនឹងរៀបរាប់រឿងរ៉ាវមួយពាន់ឆ្នាំមុន មកប្រាប់ពួកគេវិញ។

ត្រង់ចំណុចនេះ រដ្ឋមន្រ្តីព័ត៌មាន បានលើកទឹកចិត្តពលរដ្ឋឱ្យសិក្សាឱ្យបានស៊ីជម្រៅពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់អ្នកស្រុកអង្គរ ដើម្បីងាយស្រួលក្នុងការដើរកម្សាន្តលើទឹកដីអច្ឆរិយមួយនេះ។ ជាពិសេសជួលមគ្គទេសក៍ទេសចរណ៍ក៏បាន អំឡុងពេលពួកគេ ធ្វើដំណើរកម្សាន្តលើទឹកដីអង្គរ។ បើតាមលោក នេត្រ ភក្រ្តា នៅពេលពលរដ្ឋយល់ដឹងពីរឿងរ៉ាវប្រវត្តិសាស្រ្ត សាវតារឿងអង្គរហើយ ពួកគេប្រាកដជាមានមោទនភាព និងស្រលាញ់វប្បធម៌ជាតិកាន់តែខ្លាំង ។ នៅពេលពលរដ្ឋយល់ពីគុណតម្លៃ និងស្រលាញ់វប្បធម៌កាន់តែខ្លាំង នោះពួកគេនឹងចូលរួមថែរក្សាសម្បត្តិវប្បធម៌ដូនតាកាន់តែមុតមាំថែមទៀត។

ជាអ្នកធ្លាប់បំពេញការងារ និងរស់នៅលើទឹកដីអង្គរ អស់រយៈពេល៣ឆ្នាំ រដ្ឋមន្រ្តីព័ត៌មាន បានបញ្ចេញទស្សនផ្ទាល់ខ្លួនថា​ មនុស្សគ្រប់គ្នា ដែលបានឈានជើងជាន់ទឹកដីអង្គរ និងស្នាក់នៅលើទឹកដីវិសិដ្ឋនេះ គឺមិនចង់ចាកចេញទីនោះឡើយ ជាពិសេសរាល់ពេលសម្លឹងមើលប្រាសាទកាន់តែយូរ គឺកាន់តែស្រលាញ់ខ្លាំង។ «ព្រលឹងរបស់យើង គឺនៅក្នុងថ្មប្រាសាទនេះឯង»។ នេះបើតាមលោក នេត្រ ភក្ត្រា។

 

ដោយសារមើលឃើញពីគុណតម្លៃនៃវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រលើទឹកដីអង្គរនេះ ទើបរដ្ឋមន្រ្តីព័ត៌មាន គាំទ្រដល់ស្នាដៃនិពន្ធសៀវភៅ«អង្គរក្នុងការចងចាំ» ដែលជាវណ្ណកម្មថ្មីមួយទៀត របស់ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ដោយបានសម្រិតសម្រាំងរឿងរ៉ាវមួយចំនួន ជុំវិញតំបន់អង្គរ លើសពីប្រាសាទ។ សៀវភៅកម្រាស់៣០០ទំព័រមួយនេះ លើកយករឿងរ៉ាវ និងភាពប្រទាក់ក្រឡាគ្នារវាងអង្គរ និងមនុស្សគ្រប់រូប ជាពិសេសមនោសញ្ចេតនារបស់ក្រុមអ្នកជំនាញបរទេសនិងខ្មែរ ចំពោះអង្គរ។

ដ្បិតថា វណ្ណកម្មមួយនេះ មិនមែនជាឯកសារសិក្សាឱ្យបានស៊ីជម្រៅលើរឿងរ៉ាវប្រវត្តិសាស្ត្រ និងអរិយធម៌អង្គរពិតមែន ប៉ុន្តែវាក៏ជាប្រភពចំណេះដឹងបន្ថែមទៀត ដើម្បីចូលរួមបណ្ដុះស្មារតីស្រលាញ់វប្បធម៌ជាតិ។ ក្នុងន័យនេះ រដ្ឋមន្រ្តីព័ត៌មាន បានសង្កត់ធ្ងន់ថា សៀវភៅ«អង្គរក្នុងការចងចាំ» គឺជាឯកសារចងក្រងបែបកាលប្បវត្តិរបស់មនុស្ស ប្រាសាទ និងរឿងរ៉ាវផ្សេងៗ សម្រាប់បោះពុម្ពផ្សាយនៅត្រឹមឆ្នាំ២០២៦នេះ។

បើតាមលោក នេត្រ ភក្ត្រា បុគ្គលម្នាក់ៗ មានរឿងរ៉ាវអស្ចារ្យរៀងៗខ្លួន ដែលគួរតែរំលេច និងចងក្រងទុកនៅក្នុងសៀវភៅ ឬឯកសារនានា។ ម្យ៉ាងទៀត កុំមើលរំលងរឿងតូចតាច ព្រោះរឿងខ្លះមើលទៅដូចជាសាមញ្ញទេ ប៉ុន្តែវាក៏មិនសាមញ្ញពេក ដូចការគិតរបស់យើងឡើយ។ សម្រាប់លោក ភក្ត្រា រឿងរ៉ាវនៅលើទឹកដីអង្គរ គឺសុទ្ធតែសំខាន់ទាំងអស់ សម្រាប់កូនចៅជំនាន់ក្រោយ។ « បើយើងមិនចងក្រងភាពសាមញ្ញទាំងនោះទុកទេ រឿងរ៉ាវសាមញ្ញទាំងនោះ នឹងបាត់បង់…»។ នេះបើតាមរដ្ឋមន្រ្តីព័ត៌មាន ដែលបានបន្ថែមថា «អង្គរក្នុងការចងចាំ» នឹងក្លាយជាផ្នែកមួយ ទាក់ទាញទេសចរមកកម្សាន្តលើទឹកដីប្រាសាទថែមទៀត។

ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់ស្នាដៃនិពន្ធនេះ រដ្ឋមន្រ្តីព័ត៌មាន ក៏បានជួយជាវវណ្ណកម្មមួយនេះ ចំនួន២០០ច្បាប់ សម្រាប់ចែកជូនក្រុមការងារនៃក្រសួងព័ត៌មានទៀតផង។ បន្ថែមពីនេះលោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ខិតខំចងក្រងរឿងរ៉ាវផ្សេងៗទៀត ពីតំបន់អង្គរ ដើម្បីសម្រាប់ផ្ដល់ជាពុទ្ធិបន្ថែម ដល់អ្នកស្រលាញ់វប្បធម៌ និងទេសចរណ៍ លើទឹកដីអច្ឆរិយទៀតផង។

កន្លងមករដ្ឋមន្រ្តីព័ត៌មានរូបនេះ ក៏ធ្លាប់ជួយគាំទ្រស្នាដៃនិពន្ធពីសៀវភៅ«លើសពីអង្គរ» និង«ថែអង្គរ» របស់ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *