អង្គការសហប្រជាជាតិ ប្តេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរ​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម

លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា(Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា​ បាន​គូសបញ្ជាក់ថា ទីភ្នាក់ងារនានារបស់អង្គការសហ​ប្រជាជាតិនៅកម្ពុជា នឹង​​បន្ត​​ពង្រឹងភាព​ជា​ដៃគូ ជាមួយក្រ​សួង​​​​​-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់​កម្ពុជា។ ​​ការអះអាងរបស់លោកស្រី ធ្វើឡើងក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារ ជាមួយសម្តេច​ ហ៊ុន ម៉ាណែត នៅថ្ងៃទី២ ខែមីនា។

លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា លើកឡើងដូច្នេះ៖«ទីភ្នាក់ងារនានារបស់អង្គការសហ​ប្រជាជាតិនៅកម្ពុជា នឹងបន្តភាពសកម្មរបស់ខ្លួន ដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រ​សួង​​​​​-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសការបង្កើតការងារ, ការ​បង្កើនជំនាញ​បន្ថែម (Upskilling), ការកសាងមូលធនមនុស្សជាដើម។»។

ក្រៅពីគូសបញ្ជាក់ ពីការគាំទ្ររបស់បណ្តាទីភ្នាក់ងារអង្គការសហប្រជាជាតិ លោកស្រី វ្ល៉ាដាន់កា ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាពេល​កន្លងមក។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ក៏រំឭកការចូលរួមចំណែកយ៉ាងធំធេង របស់កម្ពុជាក្នុងអំឡុងពេល ២០ឆ្នាំកន្លងមក ​នៅក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក តាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវ ​ទៅ​បំ​ពេញ​បេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ក្នុងឱកាសនៃជំនួប​ សម្ដេច ហ៊ុន ម៉ាណែត ​ស្វាគមន៍លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា ដែលបានមកបំពេញ​បេសក​កម្ម​ការងារជាលើកទី២ នៅកម្ពុជា។ ដូចលោកស្រី វ្ល៉ាដាន់កា ​ដែរ ប្រមុខរាជរដ្ឋាភិបាល ក៏បាន​វាយតម្លៃខ្ពស់ ​ចំពោះតួនាទីក្នុងភាពជាដៃគូ​របស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រដល់ការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការ​បន្តការ​គាំទ្ររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ក្នុងដំណើរការនៃការចាកចេញពីចំណាត់ក្រុម​ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ក្នុងឆ្នាំ២០២៩។

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា នឹង​បន្តធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​បណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា។

​សម្ដេចហ៊ុន ម៉ាណែត ក៏មិនភ្លេចលើកពីការវិវត្តថ្មីៗ នៃស្ថានការណ៍តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ប្រាប់លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា ដែរ។ អំពីបញ្ហានេះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ នូវ​ជំហររបស់កម្ពុជា​ ក្នុងការដោះស្រាយបញ្ហា​ព្រំដែនដោយសន្តិវិធី ផ្អែក​លើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី​ដែលមានស្រាប់រវាង​ប្រទេសទាំងពីរ។

ការដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធីរបស់ប្រទេសទាំងពីរ ដោយគោរព​តាមធម្មនុញ្ញ​នៃអង្គការ​សហប្រជាជាតិ និងច្បាប់អន្តរជាតិ ក៏ជាបំណងរបស់អង្គការសហប្រជាជាតិ។ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បញ្ជាក់ដូច្នេះ។

ជុំវិញជំនួបរបស់លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា និងសម្តេច ហ៊ុន ម៉ាណែត ក៏ត្រូវបានអ្នក​ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចុះផ្សាយខ្លីនៅលើបណ្តាញសង្គមដែរ។ ពីវេទិកាហ្វេសប៊ុក អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា គូសបញ្ជាក់ថាជំនួប​នេះ បានផ្តល់ឱកាសដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្ត រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា រួមទាំងអាទិភាពរួម ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បន្ថែមថា៖ «អង្គការសហប្រជាជាតិ បន្តកិច្ចសហការយ៉ាងជិតស្និទ្ធនេះ ក្នុងស្មារតីភាពជាដៃគូ និងការគោរពគ្នាទៅវិញទៅមក។»៕

Leave a Reply

Your email address will not be published. Required fields are marked *