ភ្នំពេញ៖ ព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិធំៗចំនួន ៣ គ្រោងធ្វើឡើងនៅកម្ពុជានាពេលខាងមុខ ខណៈក្រុមធុរកិច្ចម៉ាឡេស៊ីបានស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនេះ គឺស្ថិតក្នុងគម្រោង « The Kingdom’s Grand Prix & Gala»។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេសម៉ាឡេស៊ី នាថ្ងៃទី២ ខែមីនា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ ដែលក្នុងជំនួបការងារនេះ ប្រតិភូធុរកិច្ចម៉ាឡេស៊ី បានស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍ លើការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា។
លោក Michael Cheow បានបញ្ជក់ថា ព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិចំនួន ៣ ដែលប្រតិភូធុរកិច្ចម៉ាឡេស៊ីគ្រោងរៀបចំនៅកម្ពុជានោះ រួមមាន ១. មហោស្រពតន្ត្រីអន្តរជាតិ ដែលជាពិធីបុណ្យតន្ត្រីកម្រិតពិភពលោកដើម្បីអបអរសាទរទាំងទេពកោសល្យសិល្បៈសម័យទំនើប និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ២. ការប្រណាំងទូកល្បឿនលឿនអាជីពដែលជាព្រឹត្តិការណ៍កីឡាលើទឹកដ៏រំភើបញាប់ញ័រនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ដើម្បីលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងការយល់ដឹងពីបរិស្ថាន។
និង ៣. ការប្រណាំងរថយន្តកម្រិត GT (Grand Touring) ដែលជាព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ឆ្នើមបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទៅកាន់មជ្ឈដ្ឋានអ្នកស្នេហាវិស័យយានយន្តអន្តរជាតិ និងក្រុមទេសចរដែលនិយមចំណាយខ្ពស់។
លោក Michael Cheow បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា៖ « ព្រឹត្តិការណ៍ទាំងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការត្រៀមលក្ខណៈរួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ និងទំនើបៗផងដែរ។»។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ។ លើសពីនេះ លោក ហួត ហាក់ បានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងទេសចរណ៍ ចំពោះការរៀបចំព្រឹត្តការណ៍ដ៏ធំ និងកម្រិតអន្តរជាតិជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ។ លោក ជឿជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍ទាំងនេះ នឹងក្លាយជាសមិទ្ធផលគួរជាទីមោទនៈសម្រាប់វិនិយោគិន និងផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងចំពោះប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីទេសចរណ៍ ក៏បានស្នើប្រធានក្រុមហ៊ុន និងប្រតិភូធុរជនម៉ាឡេស៊ី បន្តជួយផ្សព្វផ្សាយសារវិជ្ជមាន និងកត្តាសុខសន្តិភាពពីកម្ពុជាទៅកាន់ប្រជាជនម៉ាឡេស៊ីផងដែរ។ លោក ហួត ហាក់ អះអាងថា ៖ « កម្ពុជា នៅតែជាគោលដៅទេសចរណ៍សុខសុវត្ថិភាព ពោរពេញដោយសក្តានុពលខ្ពស់សម្រាប់ការវិនិយោគវិស័យទេសចរណ៍។»។
ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់។ ចំនួននេះ ថយចុះ ១៦,៩ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ការណ៍នេះ ក៏ព្រោះតែវិបត្តិនយោបាយ និងសេដ្ឋកិច្ចសកល ព្រមទាំងជម្លោះព្រំដែនបង្កឡើងយោធាថៃ។ បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ចំនួនទេសចរជនជាតិម៉ាឡេស៊ីដែលមកកម្សាន្តនៅកម្ពុជាក្នុងឆ្នាំ២០២៥ គឺមាន ៩៦ ២៦៨នាក់ កើនឡើង ២,១ភាគរយ។
ចំនួនភ្ញៀវទេសចរអន្តរជាតិទាំងជាង៥,៥៧លាននាក់ដែលកម្សាន្តនៅកម្ពុជានេះ បានមកនូវចំណូលប្រមាណ៣,៧ពាន់លានដុល្លារអាម៉េរិក ចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ៕
