នៅរសៀលថ្ងៃទី៤ មីនានេះ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យជាក់ស្ដែងនៅភូមិព្រៃចាន់ តំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ នៅស្រុកថ្មពួក។ នេះបើតាមក្រសួងការពារជាតិ។

គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ តំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥។
ផ្ទះសម្បែង ហាងទំនិញរបស់ប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណនានាក្នុងតំបន់នោះ ត្រូវបានបំផ្លិចបំផ្លាញ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ ក្រោយបទឈប់បាញ់រវាងកម្ពុជានិងថៃ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រៅពីនេះ កម្ពុជា ក៏គោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕
