លោក ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួយដុសក្អែលលោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគីរី ផង

   លោក ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួយដុសក្អែលលោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរីផង កំពុងទទួលនូវការរិះគន់ឥតសំចៃមាត់​ ពីមន្ត្រីរាជការស្ថិតក្រោម ឱវាទខ្លួន មិនពេញចិត្តចំពោះទង្វើនៃការដឹកនាំនៅក្នុងមន្ទីរ។
    យោងតាមសេចក្តីរាយការណ៍ចេញពីប្រភពមន្ត្រីរាជការបម្រើការ ក្នុងមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរីបានបញ្ជាក់ឱ្យយើងដឹងថា លោក រស់ គឹមធន បានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរី នៅធ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ គិតមកទល់ពេល នេះមានអាយុជាង ៦ឆ្នាំហើយ។
   ប្រភពដែលខាងលើ ក៏បានបញ្ជាក់បន្តឱ្យដឹងទៀតថា ចាប់តាំងពីលោក រស់ គឹមធន បានឡើងកាន់អំណាចជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរីមក ខែណាក៏ដូចខែណា និងឆ្នាំណាក៏ដូចឆ្នាំណា នៅពេលថ្ងៃ គេកម្រឃើញមុខលោក រស់ គឹមធន មានមុខមកធ្វើការឡើយ។ ប៉ុន្តែគេបានឃើញលោក រស់ គឹមធន ប្រធានមន្ទីររូបនេះ ចូលមកក្នុងមន្ទីរតែនៅពេល យប់ ដើម្បីមកស៊ីញ៉េឯកសារតែប៉ុណ្ណោះ ហើយមេឃភ្លឺមិនទាន់ផងក៏ត្រឡប់ទៅ ផ្ទះវិញបាត់ស្រម៉ោល។ នៅក្នុងរយៈពេល ៦ឆ្នាំជាង គឺលោក រស់ គឹមធន មិនដែលសូវបានមកប្រជុំផ្សព្វផ្សាយទេ គឺបញ្ជាតែតាមទូរសព្ទមកពីផ្ទះលោកក្នុងខេត្តកំពង់ចាម  រហូតដល់មន្ត្រីក្រោមឱវាទ។​
    ប្រភពពីម​ន្ត្រីរាជការ ក្នុងមន្ទីរខាងលើដដែលបានឱ្យដឹងទៀតថា នៅក្នុង    រយៈពេលជាង ៦ឆ្នាំ ក្រោមការកាន់អំណាចរបស់លោក រស់ គឹមធន ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរី នេះដែរ ចំពោះការងារកសាង អង្គភាពវិញ គឺធ្លាក់ដល់ចំណុចសូន្យ។ ជាក់ស្តែងមន្ត្រីរាជការក្នុងមន្ទីរតែងជួបប្រទះការលំបាកក្នុងរដូវវស្សា ដូចជាដំបូលអគារ លិចធ្លុះធ្លាយពិបាកអង្គុយធ្វើការ ជ្រាបទឹក ប៉ះពាល់ខូចឯកសារ និងក៏ដូចជាខ្វះខាតសម្ភារៈប្រើប្រាស់ការងារជំនាញ។ល។
  បើទោះបីមន្ត្រីរាជការក្រោមឱវាទខិតខិតខំរាយការណ៍ពីបញ្ហាលំបាក ខ្វះខាតជូនលោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី យ៉ាងណាក៏ដោយលោក រស់ គឹមធន មិនដែលយកត្រចៀកស្តាប់ យកភ្នែកមើលផង មិនចំណាយថវិកាដោះស្រាយនោះទេ។
  ប្រភពព័ត៌មានពីមន្ត្រីរាជការខាងលើ ក៏បានបង្ហើបឱ្យយើងដឹងទៀតថា រាល់លុយគម្រោងប្រចាំឆ្នាំ ដែលក្រសួងផ្តល់ឱ្យសម្រាប់កសាងផ្លូវ និងថែទាំផ្លូវ ក្នុងរយៈពេលជាង ៦ឆ្នាំនេះដែរ លោក រស់ គឹមធន តែងទៅរត់ការស្ងាត់ៗ តែម្នាក់ឯងគត់ ហើយបានលុយមកក៏ចាយស្ងាត់ៗ តែម្នាក់ឯងគត់ គ្មានតម្លាភាព។ ដល់ពេលបំណាច់ឆ្នាំលោក រស់ គឹមធន អាងអំណាចជាប្រធានមន្ទីរបញ្ជាឱ្យគណនេយ្យរៀបចំគម្រោងបិទបញ្ជីចំណាយ ជូនក្រសួងយ៉ាងរលូនល្អឥតខ្ចោះតែម្តង និងឮសូរល្បីថា លោក រស់ គឹមធន មានខ្នងបង្អែកធំនៅក្នុងជួររដ្ឋាភិបាល ទើបមិនញញើត និងការអនុវត្តនូវកំហុសឆ្គងក្នុង មន្ទីរអ្វីសោះ។​
  ចំពោះបញ្ហាខាងលើនេះ សូមឱ្យលោក ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន មិនគួរមើលរំលងពីសកម្មភាពជុំវិញ នៃការដឹកនាំ មានភាពមិនប្រក្រតីច្រើនរបស់លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរីនោះទេ។
  ក្នុងខណៈនេះដែរ មន្ត្រីរាជការទាំងអស់នៅក្នុងមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តមណ្ឌលគីរី សុំសំណូមពរដល់រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាជួយដុសក្អែលលោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ឱ្យភ្ញាក់ពីដំណេកផង។ ដើម្បីចៀសវាងកុំឱ្យមានការប៉ះពាល់ដល់អារម្មណ៍មិនល្អ ជាមួយនឹងមន្ត្រីរាជការក្រោមឱវាទបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *